បន្លែ ផ្លែឈើ៥មុខនេះ សំបូរជីវជាតិនៅសម្បក បើអ្នកចិតសម្បកវាចេញ ដូចបោះចោលជីវជាតិមានតម្លៃដល់រាងកាយអញ្ចឹង!
យើងគ្រប់គ្នាសុទ្ធតែដឹងហើយថា បន្លែ និង ផ្លែឈើ សុទ្ធតែជាអាហារមានតម្លៃសម្រាប់សុខភាព។
ជាទូទៅ មុនយើងទទួលទានពួកវា យើងតែធ្វើការលាងសម្អាត និងចិតសម្បកចេញជាមិនខាន។
ប៉ុន្តែការពិត ការចិតសម្បកផ្លែឈើទាំងនោះ ប្រៀបដូចជាយើងបានធ្វើការបោះចោលនូវ វត្ថុធាតុមានតម្លៃ និងវីតាមីនល្អៗមួយចំនួនអញ្ចឹង ព្រោះសម្បករបស់វា ជាអ្នកផ្ទុកសារធាតុមានតម្លៃទាំងនោះ។
ខាងក្រោមយើងខ្ញុំ នឹងបង្ហាញលោកអ្នកនូវ បន្លែ ផ្លែឈើ៥ប្រភេទ ដែលសម្បកវាផ្តល់ប្រយោជន៍ដល់រាងកាយច្រើនណាស់ ហើយអ្នកមិនគួរចិតសម្បកបោះចោលទេ។
ដំឡូងបារាំង៖ សម្បករបស់វា មានផ្ទុកសារធាតុចិញ្ចឹមដូចជាវីតាមីន B សារធាតុរ៉ែ និងសរសៃ Fiber ដល់ទៅ២០ភាគរយ។ ដូចនេះ បើទទួលទានវា អ្នកគួរលាងសម្អាតអោយស្អាត ជាជាងចិតសម្បកវាចេញ។
ផ្លែត្រសក់៖ ពណ៌បៃតងចាស់នៃសម្បកត្រសក់ មានផ្ទុកសារធាតុ ប្រឆាំងអុកស៊ីតកម្ម បង្កើនប្រព័ន្ធភាពស៊ាំ និងជាតិសរសៃ ដែលជួយការពារការទល់លាមកបានយ៉ាងល្អ។
មើមការ៉ុត៖ ជាបន្លែមើមដុះក្នុងដី ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងបំផុតនៅសម្បករបស់វា ។ ដូចនេះ បើចង់ទទួលទានវា ទាំងសម្បកត្រូវលាងសម្អាតអោយស្អាត មិនបាច់ចិតសម្បកចោលទេ។
ផ្លែប៉ោម៖ យើងតែងគិតថា សម្បកផ្លែប៉ោមមានភាពស្វិតមិនគួរទទួលទាន ប៉ុន្តែជាការពិតសម្បករបស់វាសម្បូរជាតិសរសៃច្រើនជាងសាច់វាទៅទៀត ដែលជួយដល់ការរំលាយអាហារ។ ក្រៅពីនេះវានៅមានវីតាមីន C និងសារធាតុប្រឆាំងជម្ងឺមហារីក។
ផ្លែត្រប់៖ សម្បកដ៏ក្រាសរបស់ផ្លែត្រប់ ផ្ទុកសារធាតុ Phytonutrient ដែលប្រឆាំងអុកស៊ីតកម្ម និងជួយការពារកោសិកាមហារីក មិនអោយកើតមាន៕










0 Yorumlar